ការចុះអធិការកិច្ចនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង
ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំបានចុះអធិការកិច្ចនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ដែលដឹកនាំដោយ ឯកឧត្ដម ហៀង សុភក្រ្ត អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្ដម ទុំ សោភ័ណ អគ្គលេខាធិការ លោក កុល បុន ព្រះរាជអាជ្ញា ព្រមទាំងសហការី។
ព្រមទាំងមានការចូលរួមពី លោក សួន ទី ព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ភិន យ៉ាន ប្រធានមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង។
គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
-ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួតពិនិត្យពីស្ថានភាព និងទីកន្លែងឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី៣
-ត្រួតពិនិត្យ និងតាមដានការអនុវត្តនីតិវិធី ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-និងបញ្ហាប្រឈមផ្សេងៗទៀត ដេីម្បីពិភាក្សាដោះស្រាយ។
ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ច ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរ ចំពោះកិច្ចសហការ និងការអនុវត្តនីតិវិធីរបស់មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងជាមួយសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។