ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី ដោយមានការសម្តែងរបាំត្រុដិ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារង តំណាង ឯកឧត្តមអគ្គព្រះរាជអាជ្ញា ព្រមទាំងបាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នៅអង្គភាពសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដើម្បីបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ និងទទួលពរជ័យទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលជាបុត្រីទី៧ របស់កុបិលមហាព្រហ្ម ដែលនឹងចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នៅថ្ងៃទី១៣មេសា ខាងមុខនេះ។
ក្នុុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រអរាជអាជ្ញារង ឯកឧត្តមអគ្គលេខាធិការ ព្រមទាំង លោក-លោកស្រី ចៅក្រមអាសនៈ ចៅក្រមអយ្យការ អគ្គលេខាធិការរង ក្រឡាបញ្ជី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីហាត់ការទាំងអស់នៃអង្គភាពសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
នារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង បោះអង្គុញ លាក់កន្សែង ។ល។ និងការពិសារអាហារសាមគ្គី។
ក្នុងឱកាសនេះ សូមប្រសិទ្ធពរជ័យជូន ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមទទួលបានសេចក្តីសុខ សុភមង្គល បវរមហាប្រសើរគ្រប់ប្រការ ជោគជ័យគ្រប់ភារកិច្ចការងារ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕