ប្រសាសន៍របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “ការដោះស្រាយវិវាទដោយការសម្របសម្រួលផ្សះផ្សារគ្នា ដែលធានាបានបរិយាកាសឈ្នះ ឈ្នះ រវាងគូវិវាទ គឺមានមូលដ្ឋានគ្រឹះនៅក្នុងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។”
ខេត្តកំពង់ធំ, នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម រៀល សុភិន និង លោក ពេជ្រ ចិន្តា ជាចៅក្រមក្រុមប្រឹក្សា អមដំណើរដោយលោកស្រី គួច រ៉ូសរីម៉ី ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង នៅក្នុងសំណុំរឿងសភារដ្ឋប្បវេណីលេខៈ ៥០ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។
ជាលទ្ធផល ក្រុមការងារបានលើកយកយុទ្ធសាស្ត្រឈ្នះ ឈ្នះ ជាមូលដ្ឋានក្នុងការសម្របសម្រួលឱ្យគូភាគីបានយល់ព្រមផ្សះផ្សារគ្នា ព្រមទទួលយកដំណោះស្រាយ និងព្រមដកពាក្យបណ្តឹង ដើម្បីបញ្ចប់វិវាទរវាងគ្នានឹងគ្នា។