ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិត្រពាំងជ្រូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ, នាព្រឹកថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយលោកអ៊ន ប៊ុនលី ប្រធានក្រុមប្រឹក្សា, ឯកឧត្តម វ៉េង ប៊ុនធឿន និង ឯកឧត្តម យ៉ា ណារិន ចៅក្រមប្រឹក្សា អមដំណើរដោយលោក ប៉ែន ផាន់នី ជាក្រឡាបញ្ជី និងក្រុមការងារ ព្រមទាំងមានការចូលរួមពីលោក ផាន់ រ័ត្នរិត្យា ជាចៅក្រមសាលាដំបូងខេត្តកំពង់ធំ បានចុះពិនិត្យទីតាំងដីវិវាទមួយកន្លែង នៅក្នុងសំណុំរឿងសភាព្រហ្មទណ្ឌលេខៈ ៣៧៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅចំណុចភូមិត្រពាំងជ្រូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។
ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។