ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី ដោយមានការសម្តែងរបាំត្រុដិ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា ព្រមទាំងបាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា នៅអង្គភាពសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដើម្បីបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ និងទទួលពរជ័យទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ដែលជាបុត្រទី៦ របស់កុបិលមហាព្រហ្ម ដែលនឹងចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នៅថ្ងៃទី១៤មេសា ខាងមុខនេះ។
ក្នុុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គលេខាធិការ ព្រមទាំង លោក-លោកស្រី ចៅក្រមអាសនៈ ចៅក្រមអយ្យការ អគ្គលេខាធិការរង ក្រឡាបញ្ជី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីហាត់ការទាំងអស់នៃអង្គភាពសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។