អនុមោទនា ពិធីបុណ្យកាន់បិណ្ឌវេនទី១០
ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្តម លោក-លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បាននាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់នៅវត្តហ្លួងព្រះស្តេចកន (ហៅវត្តអង្គរក្នុង)។
នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តមប្រធាន និងឯកឧត្តមអគ្គព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បាននាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់នៅវត្តតេជសុវណ្ណភូមិ (ហៅវត្តខេត្តត្បូងឃ្មុំ ឬវត្តថ្មី) ផងដែរ ដើម្បីឧទ្ទិសផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លាទាំងនេះ ជូនញាតិការទាំងប្រាំពីរសណ្តាន សូមបានជួបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។